ខេត្តកំពង់ចាម ៖ បុរសជាអ្នករត់រ៉ឺម៉កម្នាក់បានចេញពីផ្ទះទៅដឹកកម្មកររោងចក្រទៅកន្លែងធ្វើការ រួចក៏បាត់ខ្លួនអស់១យប់១ថ្ងៃ ធ្វើឱ្យស្ត្រីជាប្រពន្ធព្រួយបារម្ភប្តឹងសមត្ថកិច្ចជួយរក ស្រាប់តែពេលរកឃើញបុរសជាប្តីក៏ស្រាប់តែក្លាយទៅជាមនុស្សបាត់ស្មារតីលែងស្គាល់ប្រពន្ធកូន និងចេះតែភ័យខ្លាចដោយមិនដឹងមូលហេតុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃឈរ បានទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោះដែន គឹមយ៉េង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ បានមកប្តឹងសមត្ថកិច្ចដោយរៀបរាប់ប្រាប់ថា កាលីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ប្តីរបស់នាងឈ្មោះទុយ ផល្លី បានបើករ៉ឺម៉កទៅដឹកកម្មករចេញពីភូមិឃុំរបស់ខ្លួន ទៅធ្វើការរោងចក្រអំបិល ស្ថិតក្នុងភូមិជីនាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មិនឃើញប្តីត្រឡប់មកផ្ទះវិញទេ ទើបនាងរត់មកប្តឹងសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកតែម្តង។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ សមត្ថកិច្ចបានស្រាវជ្រាវនិងទទួលព័ត៌មានពីប្រជាពលរដ្ឋថាបានប្រទះឃើញម៉ូតូ១គ្រឿង ម៉ាកសេ១០០កូរ៉េព្រមទាំងសម្ភារដូចជាកាបូបស្ពាយ១អត្តសញ្ញាណបណ្ណ័១សន្លឹកទូរស័ព្ទម៉ាកហ៊ូវៃ១គ្រឿងប្រាក់រៀលចំនួន៧ម៉ឺនរៀល ដែលសម្ភារទាំងនេះទុកព្យួរនៅនឹងដៃម៉ូតូជារបស់ឈ្មោះទុយ ផល្លី ទុកចោលនៅចំណុចក្បែទឹកស្រះជាប់ផ្លូវលំស្ថិតក្នុងភូមិត្រពាំងរូង ឃុំស្រង៉ស្រុកព្រៃឈរខេត្តកំពង់់់ចា់ម ចំណែកឯមនុស្សមិនដឹងទៅទីណានោះទេ។
ប្រភពខាងលើបន្តថា លុះពេលសមត្ថកិច្ចចុះទៅដល់ក៏ពិនិត្យឃើញថា នៅក្បែរនោះមានស្នាមជើងមនុស្សដើរចូលសំដៅទឹកស្រះ ទើបភ្លាមនោះ ទាំងសមត្ថកិច្ចនិងក្រុមគ្រួសារជនរងគ្រោះមានការសង្ស័យថា ជនរងគ្រោះប្រហែលចុះងូតទឹកស្រះ ហើយលង់ស្លាប់ក៏បូមទឹកស្រះដើម្បីរកសពជនរងគ្រោះ។

លុះពេលកំពុងសហការគ្នាបូមទឹកស្រះដើម្បីរកមនុស្ស និងខ្លះទៀតស្វែងរកជុំវិញទីកន្លែងនោះ ស្រាប់តែមកដល់វេលាម៉ោង១និង២០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចក៏បានរុករកឃើញជនរងគ្រោះខាងលើកំពុងដេកនៅចំណុចក្រោមដើមដង្កៀបក្តាម ស្ថិតនៅខាងជើងឆៀងខាងលិចស្រះទឹកខាងលើ ចម្ងាយប្រហែលជាង១០០០ម៉ែត្រ ដោយមានសភាពភ័យញ័រមិននិយាយស្តីអ្វីទាំងអស់ និងមិនស្គាល់សូម្បីប្រពន្ធកូន តែនៅលើខ្លួនប្រាណមិនមានរបួសស្នាមអ្វីដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចរួមនឹងក្រុមគ្រួសារបុរសខាងលើ ក៏ប្រញាប់ដឹកបញ្ជូនបុរសរូបនោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
សមត្ថកិច្ចបញ្ជាក់ថា គេមិនទាន់ដឹងនៅឡើយថា តើមូលហេតុទើបបានជាជនរងគ្រោះបាត់ខ្លួន១យប់១ថ្ងៃ បែរជាក្លាយទៅជាមនុស្សមានអារម្មណ៍ស្មារតីភ័យ លែងស្គាល់អ្នកណាបែបនេះទៅវិញ៕